ភ្នំពេញ: ស្ត្រីវ័យ ៣២ឆ្នាំម្នាក់
ដែលកំពុងតែមានផ្ទៃពោះគ្រប់ខែនោះនៅតែខិតខំដើរលក់ទឹកសុទ្ធបន្តិ
បន្តួចនៅម្តុំមុខវាំងដើម្បីរកថវិកាទ្រទ្រង់ជីវភាពគ្រួសារ ហើយក៏ឈឺពោះរហូតសម្រាលកូននៅតាម
ទីសាធារណៈបានកូនប្រុសម្នាក់កាលពីព្រលប់ថ្ងៃទី៧ ខែកញ្ញា
ឆ្នាំ២០១៤ នេះនៅខាងមុខព្រះអង្គដងកើរផ្លូវព្រះស៉ីសុវត្ថិ
ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ។
ក្រោយពេលទទួលបានព័ត៌មានថាមានស្ត្រីលក់ទឹកបរិសុទ្ធសម្រាលកូនតាម
ទីសាធារណៈ នោះហើយលោក គួច ចំរើន
អភិបាលខណ្ឌដូនពេញបានបញ្ជាឲ្យប្រជាការពារ
ក៏ដូចជាសន្តិសុខសាលាខណ្ឌដែលប្រចាំការនៅម្តុំខាងមុខព្រះបរមរាជវាំង
ចាត់ចែងភ្លាមៗ
និងហៅរថយន្តសង្គ្រោះមកដឹកទាំងម្តាយនឹងទារកបញ្ជូនទៅកាន់
មន្ទីរពេទ្យកាល់ម៉ែត្រ។
ក្រុមគ្រូពេទ្យបានឲ្យដឹងថា អ្នកស្រី ចាន់ ស្រីពៅ និងកូនប្រុស
ដែលទើបសម្រាល ដ៏ទ្រលុកទ្រលន់ បានសុវត្ថិភាព និងមានសុខភាពល្អ
ទាំងអស់គ្នា។
អ្នកស្រី ចាន់ ស្រីពៅ
ដែលសម្រាលកូននៅតាមទីសាធារណៈនោះមានប្តីឈ្មោះ ម៉ក់ ឧសភា អាយុ ២៨ឆ្នាំ
ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។
បើតាមសម្តីអ្នកដែលស្គាល់អ្នកស្រី ចាន់ ស្រីពៅ បានឲ្យដឹងថា ទារក
ដែលសម្រាលនៅ ទីសាធារណៈនេះ គឺជាកូនទី៥
នៅក្នុងគ្រួសារមានជីវភាពខ្សត់ខ្សោយមួយនេះ។
បន្ទាប់ពីការជួយសង្គ្រោះឲ្យមានសុខសុវត្ថិភាពទាំងម្តាយ
និងកូនហើយនោះ សាលាខណ្ឌដូនពេញ បានជួយ ឧបត្ថម្ភថវិកា ២០ម៉ឺនរៀល
ហើយលោកស្រី ឈឹម វត្តី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ ឧបត្ថម្ភ
១០០ដុល្លារ ដើម្បីជួយសម្រាលការលំបាក
និងសម្រាប់ចំណាយលើតម្រូវការក្នុងជីវភាព។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត ក៏បានប្រកាសដែរថា
មន្ទីរពេទ្យមិនយកប្រាក់ពីអ្នកស្រី ចាន់ ស្រីពៅ នោះទេ
ហើយនិងខិតខំជួយព្យាបាលអ្នកស្រី និងមើលថែទារករហូតមានសុខភាពល្អ
ទើបឲ្យចេញពីមន្ទីរពេទ្យវិញ៕
ប្រភពមកពី ksn-news.com